កិច្ចប្រជុំ​លើកទី២​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព ពិនិត្យ​វឌ្ឍនភាព​ដែល​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​សម្រេច​បាន

2ndNCSD meetingនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០១៧ ​​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព បានដឹកនាំកិច្ច​ប្រជុំ​លើកទី​២​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព ​​ដោយមានការអញ្ជើញចូលរួមពីសមាជិក​ សមាជិកា​ទាំងអស់ជា​មន្រ្តី​ជាន់​ខ្ពស់តំណាងក្រសួងស្ថាប័នរបស់​រាជរដ្ឋា​ភិបាលថ្នាក់ជាតិនិងថ្នាក់ខេត្ត សរុប​ចំនួន​៧៦រូប។ អង្គប្រជុំបាន​ត្រួតពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាន​ក្នុងការគាំទ្រកិច្ច​អភិវឌ្ឍ​ប្រកប​ដោយចីរភាព​នៅកម្ពុជា ក្នុងនោះរួមមាន​ការពិនិត្យ ផ្តល់យោបល់ និងអនុម័ត​លើសេចក្តីព្រាង​លិខិតបទដ្ឋាន​គតិយុត្តសំខាន់ៗមួយចំនួន រួមមាន សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment​ and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម សាយ​ សំអាល់ ​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន និង​ជា​ប្រធានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព​ បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព ជាស្ថាប័នរៀបចំគោលនយោបាយជាតិ ដែលត្រូវបង្កើតឡើង​ដោយការ​រួម​បញ្ចូលគ្នា​នៃស្ថាប័នអន្តរក្រសួង​ដែលធ្លាប់​មានចំនួន​៤ គឺ ៖ ​​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួលអាកាសធាតុ គណៈកម្មាធិការជាតិ​ជីវសុវត្ថិភាព និង​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​​ជីវៈចម្រុះ ដើម្បីលើកកម្ពស់​ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ​ធានា​បាននូវ​តុល្យភាព​រវាង​សេដ្ឋកិច្ច​ បរិស្ថាន សង្គម​ និង​វប្បធម៌របស់​ប្រទេស​ជាតិ​។

ឯកឧត្តមរដ្ឋមន្រ្តី​បានកត់សម្គាល់អំពីកិច្ចប្រឹងប្រែងនិងសមិទ្ធផល​សំខាន់ៗដែលក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​សម្រេច​បាន​នៅក្នុងឆ្នាំ​២០១៧ ដូចជា​ សេដ្ឋកិច្ច​បៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងវិទ្យាសាស្រ្ត​និងបច្ចេក​វិទ្យា។ ទាក់ទង​នឹង​រេដបូក នាពេលអនាគត​នៅពេលខេត្តមានសមត្ថភាពគ្រប់គ្រាន់ ក្រសួងបរិស្ថានគ្រោង​នឹងផ្ទេរថវិកា​ពីការលក់​កាបូន​នៅខេត្ត​មណ្ឌលគិរីដល់ខេត្តតែម្តង ហើយដៃគូពាក់ព័ន្ធ​អាចចរចានិងធ្វើដោយផ្ទាល់ជាមួយខេត្ត។

អង្គប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយមាន​កិច្ច​ពិភាក្សា​យ៉ាង​សកម្ម លើរបៀបវារៈសំខាន់ៗ ដែល​ជា​មូលដ្ឋានគ្រឹះនៃ​ដំណើរការ​ក្រុមប្រឹក្សា​​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព​នាពេលអនាគត ហើយបានពិនិត្យលើកិច្ចការសំខាន់ៗដូចខាងក្រោម៖

- ការពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានសម្រេចសំខាន់ក្នុង​ឆ្នាំ២០១៧ ដូចជា៖

      • ការអភិវឌ្ឍន៍សេដ្ឋកិច្ច​បៃតង៖ ១) ការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តទីក្រុងបៃតងសម្រាប់រាជធានីភ្នំពេញ ដោយរួមបញ្ចូលទាំងគម្រោងវិនិយោគទាំង៤៨ និង​ផែនការយុទ្ធសាស្រ្តទីប្រជុំជន​បៃតងដំណាក់​កាលទី២សម្រាប់​ទីក្រុងចំនួន៧​ទៀតនិង ២) ការ​រៀបចំ​កម្មវិធីតម្រង់ទិសគោលនយោបាយ​ ដើម្បីបញ្ជ្រាបការអភិវឌ្ឍបៃតង​នៅក្នុងយុទ្ធសាស្រ្ត​ចតុ​កោណជំហានបន្ទាប់ និងផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍជាតិ២០១៩-២០២៣
      • ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ ១) ការផ្តល់សច្ចាប័នលើ​កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ស្តីពីការប្រែប្រួល​អាកាស​ធាតុ ២) ការសហការជាមួយក្រសួងសេដ្ឋកិច្ចដើម្បីដាក់បញ្ចូលការ​ប្រែប្រួលអាកាសធាតុ​ទៅក្នុងសារាចរណែនាំស្តីពី​ការរៀបចំផែនការ​យុទ្ធសាស្រ្តថវិកាឆ្នាំ២០១៧និងបានគាំទ្រ​ក្រសួង​ចំនួនបួន(ក្រសួងសាធារណការ​និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន) ដើម្បីដាក់បញ្ចូលការប្រែប្រួល​អាកាសធាតុនៅ​ក្នុង​សំណើ​ផែនការ​ថវិកា​របស់​ខ្លួន
      • ជីវៈចម្រុះ៖ ១) តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះត្រូវបានបង្កើត និងពង្រីក លើផ្ទៃដីលើសពី៧លាន​ហិកតា ឬស្មើនឹង៤១%នៃផ្ទៃប្រទេស លើស​គោលដៅ​ជីវៈចម្រុះ​សាកល​ដែលកំណត់ត្រឹម​១៧%, ២) បានចាប់ផ្តើម​ធ្វើការសិក្សា​ស្រាវជ្រាវលើធនធានពន្ធុរបស់កម្ពុជា ដោយផ្តោតជាជំហានដំបូងលើ​សត្វល្អិតនិងប្រភេទ​រុក្ខជាតិដែលមាន​តម្លៃទីផ្សារ ក្រោមក្របខណ្ឌពិធីសារណាហ្គូយ៉ា
      • វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៖ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង និងអនុស្សរណៈ សរុបចំនួន៤ជាមួយរុស្ស៊ី​និងចិនដើម្បីសហប្រតិ​បត្តិ​ការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។

- ពិចារណាសិក្សាផ្តល់យោបល់លើវិស័យកសិកម្មដំណាំជាយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច

- នៅថ្នាក់ខេត្ត បន្ថែមភាកិច្ចជូនមន្ទីរបរិស្ថានជាលេខាធិការដ្ឋានអភិវឌ្ឍន៍ដោយចីរភាពថ្នាក់ខេត្ត

- ដកពាក្យ រ៉ូស្សាតូម នៅក្នុងក្រុមការងារនុយក្លេអ៊ែរ ដើម្បីបើកអោយកិច្ចសហប្រតិបត្តិការ​មាន​ភាពទូលំទូលាយ

- សិក្សាផ្តល់យុទ្ធសាស្ត្រលើបញ្ហាពូជក្នុងស្រុក ការប្រើប្រាស់ពូជសារពាង្គកាយកែច្នៃហ្សេន( GMO) ជាដើម

- ការអនុម័តជាគោលការណ៍​លើផែនការ​យុទ្ធសាស្រ្ត​របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព មានជាអាទិ៍ ការងារ​ទីក្រុង​និរន្តរភាព ថាមពលនិរន្តរភាព ការឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ កិច្ចអភិរក្សជីវៈចម្រុះវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបៃតង។

-​ ការពិភាក្សា និងផ្តល់ធាតុចូល និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ព្រមទាំងស្នើឱ្យក្រសួងស្ថាប័ន​ដែលជាសមាជិកផ្តល់ធាតុចូល​ទុករយៈពេល​៤សប្តាហ៍បន្ទាប់ពីកិច្ចប្រជុំនេះ

- ការពិភាក្សា និង​អនុម័តលើសេចក្តីព្រាងចុងក្រោយនៃ​ផែនការជាតិ​រេដបូក ឆ្នាំ២០១៧-២០២៦ សំដៅកែលម្អមុខងារនិងសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសម្រាប់ការអនុវត្តគោលនយោបាយ ច្បាប់ និងបទបញ្ញត្តិនានាប្រកបដោយប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់ការកែលម្អការគ្រប់គ្រងធនធានធម្មជាតិ ដីព្រៃឈើ និងជីវៈចម្រុះឱ្យកាន់តែល្អប្រសើរឡើង។

- ការពិនិត្យនិងទទួលយកវឌ្ឍនភាពការងារបរិស្ថានអាស៊ានដែលប្រទេសយើង​បានចូលរួម ដើម្បី​សម្រេចបាន​នូវ​សហប្រតិបត្តិការ​បរិស្ថាន​អាស៊ាន។

គួរបញ្ជាក់​ផងដែរថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​បាន​រៀបចំកិច្ចប្រជុំលើកទី​១កន្លងមក នៅថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងនូវ​គ្រឹះ​សម្រាប់ទ្រទ្រង់ការ​អនុវត្ត​កំណែទម្រង់របស់រាជ​​រដ្ឋាភិបាល​ ដើម្បីលើកកម្ពស់អភិបាលកិច្ច​ល្អ និង​ការ​អភិវឌ្ឍដោយ​ចីរភាព។

 

គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត

  • The new normal: facing climate change +

    Source: Phnom Penh Post, Fri, 17 February 2017   Last year’s drought caused a nationwide crisis, with harvests ruined, forest Read More
  • Act Together to Protect Cambodia From Climate Change +

    Source: The Cambodia Daily, 4 January 2016 It’s time for us to discuss, plan and act together to protect Cambodia Read More
  • Ambitious agenda needed to fight climate change +

    Source: The Phnom Penh Post Fri, 16 September 2016 George Edgar Last December, 195 countries, including Cambodia, gathered in Paris Read More
  • Scenes from a drought - Across the country, water scarcity is threatening health and livelihoods +

    Source: Phnom Penh Post, 29 April 2016 Banteay Meanchey Since December, the only source of free water for the 600 Read More
  • Tonnes of fish killed by heat in Kampong Thom +

    Source: Phnom Penh Post Mon, 25 April 2016​ Niem Chheng and Sen David Record-breaking temperatures and drought are wreaking havoc Read More
  • ខេត្ត​​​រតនគិរី​​​​​​ជួប​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​​​អាក្រក់​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ច្រើន​​​ឆ្នាំ​មក​​​នេះ​​​ +

    ប្រភព៖ The Camboida Daily យោង​​​តាម​​​អ្នក​​​ភូមិ​​​ មន្ត្រី​​​មូល​​​ដ្ឋាន​​​ និង​​​អង្គការដែល​​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​បាន​​​ ឲ្យ​​​ដឹង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​សប្តាហ៍​​​ទៀត​​​តែ​​​ប៉ុណ្ណោះ​ ​​​​​​​​​​​​អ្នក​​​ភូមិ​​​ជាច្រើន​​​ក្នុង​​​ខេត្ត​​ភាគ​​​ឦសាន្ត​​ មួយ​​​​នេះ​នឹង​អស់​​​ទឹក​​​ប្រើ​​​ប្រាស់ហើយ​ ដោយ​​​​​​គ្រោះ​​​រាំង​​​ស្ងួត​​​ដ៏​​​អាក្រក់បំផុត​មិនធ្លាប់មាន​​​។ Read More
  • 1

Test your climate change knowledge - get a chance to win a prize

សំណួរខ្លីៗ